
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះបន្តបោសសម្អាតបទល្មើសក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនជនបរទេស ២០នាក់ ពាក់ព័ន្ធឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំផ្ទាល់របស់លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ កម្លាំងចម្រុះរួមមានអាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះអនុវត្ត អនុក្រឹត្យលេខ០៣ យ៉ាងម៉ឺងម៉ាត់ និងជាប់ជាប្រចាំ ដោយផ្តោតលើការបង្ក្រាប និងបោសសម្អាតបទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការចុងក្រោយមួយ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅមួយកន្លែង ស្ថិតនៅអគារខុនដូ អាល់បែន ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២០នាក់ ដើម្បីធ្វើការសាកសួរ និងពិនិត្យឯកសារពាក់ព័ន្ធ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមជនបរទេសដែលត្រូវបានឃាត់ខ្លួន មានជនជាតិចិន ១៨នាក់ ជនជាតិវៀតណាម ១នាក់ និងជនជាតិតៃវ៉ាន់ ១នាក់។ ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញជនជាតិចិនចំនួន ៦នាក់ មិនមានឯកសារស្នាក់នៅស្របច្បាប់ និងត្រូវបានសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់។

សកម្មភាពបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតបទល្មើសដែលរដ្ឋបាលខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ កំពុងអនុវត្តយ៉ាងសកម្ម និងមិនបន្ធូរដៃ ដើម្បីលុបបំបាត់រាល់មុខសញ្ញាបទល្មើស បទល្មើសបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងៗឱ្យអស់ពីមូលដ្ឋានខណ្ឌមានជ័យ សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។


