
រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យរដ្ឋបាល និងអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams នៅខុនដូរ វិមានមេគង្គ (Mekong Garden) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនប្រសិទ្ធភាពការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនៅក្នុងតំបន់ និងលើពិភពលោក។ ក្រុមការងារបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើស្ថានភាពរស់នៅ អត្តសញ្ញាណបុគ្គល ក៏ដូចជាឯកសារស្នាក់នៅរបស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងទីតាំងខាងលើ ដើម្បីធានាថារាល់សកម្មភាពទាំងអស់ប្រព្រឹត្តទៅស្របតាមច្បាប់ជាធរមាន។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យ អាជ្ញាធរបានរកឃើញជនបរទេសស្នាក់នៅចំនួន ៣២នាក់ ក្នុងនោះមានស្ត្រី ១០នាក់។ ក្រោយពីការត្រួតពិនិត្យលម្អិត អាជ្ញាធរបានបញ្ជាក់ថា ជនបរទេសទាំងអស់មានឯកសារស្នាក់នៅ និងឯកសារពាក់ព័ន្ធត្រឹមត្រូវតាមច្បាប់ ហើយមិនមានការរកឃើញភាពមិនប្រក្រតីណាមួយដែលពាក់ព័ន្ធនឹងស្ថានភាពស្នាក់នៅនោះទេ។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានធ្វើការណែនាំដល់អ្នកគ្រប់គ្រងទីតាំង និងអ្នកស្នាក់នៅទាំងអស់ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តវិធានការរដ្ឋបាល និងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមវិធានការរឹតបន្តឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាខុសច្បាប់គ្រប់ប្រភេទ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យទីតាំងផ្សេងៗជាបន្តបន្ទាប់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមណាដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលបំណងប្រព្រឹត្តបទល្មើស។
ការចុះត្រួតពិនិត្យជាប្រចាំ និងការអនុវត្តវិធានការបង្ក្រាបបទល្មើសបច្ចេកវិទ្យា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋានក្នុងការថែរក្សាបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព សន្តិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះការអនុវត្តច្បាប់ និងការគ្រប់គ្រងសន្តិសុខនៅក្នុងរាជធានីភ្នំពេញ។
👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖
📱Facebook https://www.facebook.com/share/16ptDfgmWD/
🌐Website http://yombuntongtvonline.com.kh
📱Telegram https://t.me/YOM070739366https://t.me/YOML3
📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA
📱Youtube https://www.youtube.com/@Yombunthong
⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

