ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កូនៗរបស់មន្ត្រីរាជការក្រសួង ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា

ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កូនៗរបស់មន្ត្រីរាជការក្រសួង ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា

 

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កូនៗរបស់មន្ត្រីរាជការក្រសួង ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

 

ក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនេះ កម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មានជាច្រើនរូប ព្រមទាំងមានវត្តមានក្មួយៗ ដែលជាកូនចៅរបស់មន្ត្រីរាជការយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានពាំនាំនូវការសួរសុខទុក្ខ និងក្ដីនឹករលឹក ព្រមទាំងបានជូនពរដល់ក្មួយៗកុមារា កុមារីទាំងអស់ ក្នុងឱកាសទិវាកុមារអន្តរជាតិ ដែលជាថ្ងៃរំលឹកដល់សិទ្ធិ សេរីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។ ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព ការគិតគូរ និងយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រសួង ចំពោះជីវភាពរស់នៅ និងសុខុមាលភាពគ្រួសាររបស់មន្ត្រីរាជការក្រោមឱវាទ។

 

ជាការលើកទឹកចិត្ត និងអបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានប្រគល់ជូននូវអំណោយជាកញ្ចប់ភេសជ្ជៈ និងទឹកដោះគោបំប៉នសុខភាព ដល់ក្មួយៗម្នាក់ៗដោយផ្ទាល់ដៃ ជាមួយនឹងស្នាមញញឹម និងកាយវិការប្រកបដោយក្ដីមេត្តាស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

 

កម្មវិធីនេះបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងបានថតរូបអនុស្សាវរីយ៍ជុំគ្នា ដែលឆ្លុះបញ្ចាំងពីភាពកក់ក្តៅ និងស្នាមញញឹមរបស់មហាគ្រួសារក្រសួងព័ត៌មាន ក្នុងឱកាសអបអរសាទរថ្ងៃបុណ្យរបស់កុមារទូទាំងពិភពលោក៕

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *