លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ នាំយកអំណោយសួរសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ព ២៦គ្រួសារ

នៅព្រឹកថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ព្រមទាំងភរិយា និងមន្រ្តីរាជការ បានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនដល់ក្រុមគ្រួសារវីរៈកងទ័ពចំនួន ២៦គ្រួសារ។

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរបក្សខណ្ឌមានជ័យ ដោយមានការចូលរួមពីក្រុមគ្រួសារវីរៈកងទ័ពមកពីសង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌមានជ័យ បានសម្តែងនូវការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរភាពនៃកងទ័ពដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជាតិ ហើយបានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរៈកងទ័ព ឱ្យបន្តខិតខំរស់នៅ ប្រកបដោយក្តីសង្ឃឹម និងភាពរឹងមាំ។

សម្រាប់អំណោយដែលបានប្រគល់ជូន ក្នុងមួយគ្រួសារ ទទួលបានរួមមាន៖

អង្ករ ២៥ គីឡូក្រាម

មី ១ កេស

ទឹកសុទ្ធ ១ កេស

ទឹកត្រី ១ យួរ

ទឹកស៊ីអ៊ីវ ១ យួរ

និងថវិការមួយចំនួន

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងគណបក្ស ក្នុងការគាំទ្រ និងជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារវីរៈកងទ័ព ដែលជាសសរគ្រឹះដ៏មានតម្លៃរបស់សង្គមជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *