
សកម្មភាពគាំទ្រដល់វីរៈកងទ័ពជួរមុខនេះ មិនមែនធ្វើឡើងតែម្ដងនោះទេ។ រដ្ឋបាលសង្កាត់ព្រែកលៀប តែងតែខិតខំគៀសគងរកជំនួយ និងរៀបចំការឧបត្ថម្ភជាបន្តបន្ទាប់ ដើម្បីចូលរួមលើកទឹកចិត្ត និងគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។
ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានដឹកនាំគណៈប្រតិភូសង្កាត់ រួមមាន លោកស្រីសមាជិកាក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ សមាជិកក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ និងថ្នាក់ដឹកនាំភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ ព្រមទាំងបាវច្រកដីចំនួន ៣,៣០០ បាវ ទៅប្រគល់ជូនវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់ដូនតា នៅកងសេនាតូចលេខ ៣៩១ ទិសមុំ៣ ខេត្តព្រះវិហារ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលសង្កាត់ព្រែកលៀប ក៏បាននាំយកបាវច្រកដីចំនួន ១,៣០០ បាវ ទៅប្រគល់ជូនវីរៈនគរបាលការពារព្រំដែនលេខ ១០៥ ដែលកំពុងឈរជើងការពារបូរណភាពដែនដីដ៏ពិសិដ្ឋរបស់ដូនតាយើង នៅទិសមុំ៣ ខេត្តព្រះវិហារ ផងដែរ។
សកម្មភាពដ៏មានន័យនេះ បានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តសាមគ្គីភាព និងការគាំទ្រយ៉ាងមុតមាំរបស់រដ្ឋបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប ចំពោះវីរៈកងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចូលរួមបរិច្ចាគដោយសទ្ធាជ្រះថ្លា ពីព្រះសង្ឃនៅវត្តទាំង៣ ក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប ព្រមទាំងសប្បុរសជនជិតឆ្ងាយ ទាំងក្នុង និងក្រៅមូលដ្ឋានសង្កាត់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់កងកម្លាំងការពារជាតិ។
(បញ្ជីសម្ភារៈលម្អិតមានភ្ជាប់ក្នុងតារាងខាងលើ)
សកម្មភាពនេះ មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីសាមគ្គីភាពជាតិ ការគោរព និងការគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីប្រជាពលរដ្ឋ ចំពោះវីរៈកងកម្លាំងដែលកំពុងឈរជើងការពារទឹកដីដ៏មានតម្លៃរបស់ជាតិ។
