គណៈប្រតិភូសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានទុង បំពេញទស្សនកិច្ចនៅស្រុកបន្ទាយស្រី ពង្រឹងកិច្ចសហការវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន

គណៈប្រតិភូសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានទុង បំពេញទស្សនកិច្ចនៅស្រុកបន្ទាយស្រី ពង្រឹងកិច្ចសហការវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន

 

សៀមរា៖  ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ខេត្តសានទុង ប្រទេសចិន ដឹកនាំដោយលោក XU YUNGUO លេខាបក្សប្រចាំសាលា បានអញ្ជើញបំពេញទស្សនកិច្ចនៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

 

ក្នុងជំនួបនោះ លោកអភិបាលស្រុកបន្ទាយស្រី បានថ្លែងអំណរគុណចំពោះមិត្តចិនដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍស្រុកបន្ទាយស្រី ជាពិសេសលើវិស័យវប្បធម៌ និងការអភិរក្សបេតិកភណ្ឌ។ លោកបានរំលេចថា កន្លងមក តាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានសម្របសម្រួលជូនដល់ មិត្តចិនក្នុងការរួមចំណែកជួយជ្រោមជ្រែងក្នុងការផ្តល់ឱកាសដល់មន្ត្រីសាលាស្រុកបន្ទាយស្រីទៅបំពេញទស្សនកិច្ច និងសិក្សារយៈពេលខ្លីនៅប្រទេសចិន ដើម្បីស្វែងយល់បន្ថែមអំពីការអភិរក្សវត្ថុបុរាណ ការថែរក្សាគំនូរ និងការរចនាវត្ថុអនុស្សាវរីយ៍ ដែលជាចំណេះដឹងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌នៅក្នុងមូលដ្ឋាន។

 

ជាការឆ្លើយតប លោក XU YUNGUO លេខាបក្សប្រចាំសាលាវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ បានបង្ហាញពីឆន្ទៈរឹងមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដោយមានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជាស្ពានក្នុងការតភ្ជាប់ និងសម្របសម្រួលវគ្គសិក្សាពាក់ព័ន្ធនឹងបុរាណវត្ថុ និងការងារអភិរក្សប្រាសាទបុរាណ។ លោកបានបញ្ជាក់ថា កិច្ចសហការនេះនឹងរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវប្បធម៌រវាងភាគីទាំងពីរ។

ទន្ទឹមនឹងនេះ លោកលេខាបក្សប្រចាំសាលា ក៏បានប្តេជ្ញាចូលរួមសហការជាមួយសមាគមក្នុងការទាក់ទាញភ្ញៀវទេសចរជនជាតិចិន ជាពិសេសពីខេត្តសានទុង មកទស្សនាខេត្តសៀមរាបឱ្យកាន់តែច្រើនថែមទៀត។ លោកបានគូសបញ្ជាក់ថា ការជំរុញវិស័យទេសចរណ៍នេះ នឹងកាន់តែមានសក្តានុពល ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងផ្តល់ទិដ្ឋាការឥតគិតថ្លៃដល់ជនជាតិចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដែលជាវិធានការសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ទស្សនកិច្ចនេះ ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងរដ្ឋបាលមូលដ្ឋានកម្ពុជា-ចិន ពិសេសក្នុងវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ដែលនឹងផ្តល់ផលប្រយោជន៍រួមដល់ភាគីប្រទេសយើងទាំងពីរ កម្ពុជា-ចិន នាពេលអនាគត។

គួរបញ្ជាក់ថា ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈប្រតិភូចិនក៏បានចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទនានាក្នុងតំបន់អង្គរផងដែរ៕

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *