អាជ្ញាធរខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេស ៣ ទីតាំង មិនរកឃើញពាក់ព័ន្ធបទល្មើស (Online Scam)

អាជ្ញាធរខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេស ៣ ទីតាំង មិនរកឃើញពាក់ព័ន្ធបទល្មើស (Online Scam)

 

នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអគារ ខុនដូ ម៉ារីថាម និងសណ្ឋាគារ អាយលី ឈិញសី និងខុនដូ សណ្ឋាគារ YERSAILESSQUARE និងទីតាំងស្នាក់នៅជនបរទេសមួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

 

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កងរាជអាវុធហត្ថខណ្ឌ ការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងមន្ត្រីរដ្ឋបាលខណ្ឌ និងសង្កាត់ពាក់ព័ន្ធ។

 

ជាលទ្ធផល កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំងសរុបចំនួន ០៣ ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៨២ នាក់ ក្នុងនោះស្រី ២០ នាក់ មានចំនួន ០៧ សញ្ជាតិ។

 

ក្នុងចំណោមជនបរទេសទាំងអស់ មានចំនួន ៧៩ នាក់ កាន់កាប់ឯកសារស្នាក់នៅត្រឹមត្រូវ ខណៈជនបរទេសចំនួន ០៣ នាក់ ពុំមានឯកសារត្រឹមត្រូវ។ ក្រោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ពុំបានរកឃើញសកម្មភាព ឬទីតាំងណាមួយពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធ (Online Scam) នោះឡើយ។

 

ចំពោះជនបរទេសចំនួន ០៣ នាក់ ដែលពុំមានឯកសារត្រឹមត្រូវ រួមមានជនជាតិចិន ០២ នាក់ និងជនជាតិមីយ៉ាន់ម៉ា ០១ នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់។

 

ជាមួយគ្នានេះ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏បានរៀបចំលិខិតផាកពិន័យចំពោះម្ចាស់ទីតាំងសណ្ឋាគារ អាយលី ឈិញសី រួចរាល់ហើយ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីច្បាប់ជាធរមាន។

 

រដ្ឋបាលខណ្ឌមានជ័យ នឹងបន្តសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 

👉ចង់ដឹង ពីព្រឹតិ្តការណ៍ថ្មីៗ សូមចុច Link ខាងក្រោម៖

📱Facebook https://www.facebook.com/share/16ptDfgmWD/

🌐Website http://yombuntongtvonline.com.kh

📱Telegram https://t.me/YOM070739366https://t.me/YOML3

📱Tik Tok https://www.tiktok.com/@yom.bunthong?_r=1&_t=ZS-91IwEZyGqvA

📱Youtube https://www.youtube.com/@Yombunthong

⭐️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម លេខទូរស័ព្ទ៖ ០១២/០៧០ ៧៣៩ ៣៦៦

Leave a Reply

Your email address will not be published. Required fields are marked *